ខេត្តកណ្តាល ៖ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធចំនួន ០៣ភូមិ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងវត្តជ្រោយពិសី លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាលបានបញ្ជាក់ថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមាន ការកំណត់ព្រំដីការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជនទាំងដីរដ្ឋដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។
ទន្ទឹមនោះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីក្នុងភូមិសំរោង ភូមិទឹកឃ្លាំង ភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីឲ្យបានច្បាស់លាស់ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើឲ្យបានគ្រប់ៗគ្នា និងត្រូវត្រៀមឯកសារពាក់ព័ន្ធរួមមាន៖លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើម ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងងាយស្រួលចេញប្លង់កម្មសិទ្ធជូនបងប្អូនដោយស្របច្បាប់៕