(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះសំណាក់ស្រែម្អម ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ តាមដីការលេខ ២៧ ព្រទI”ឆ“/២១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ៖ ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស (ទៅ វិញ ទៅ មក ) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
យោងតាមដីការបង្គាប់ឱ្យចាប់ខ្លួន របស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ឈ្មោះ គង់ ចិនតឺ ភេទប្រុស កើតឆ្នាំ២០០៦ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិ១ ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឪពុកឈ្មោះ គង់ ចិន្តា “រស់” ម្តាយឈ្មោះ ឈឿន ចាន់ធីប “រស់” នៅលីវ ជាអនីតិជនកម្រិតវប្បធម៌ថ្នាក់ទី៩ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ (គ្មាន) ។ ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោស(ទៅវិញទៅមក)ប្រព្រឹត្តនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមបញ្ញត្តិមាត្រ ២១៨ នៃក្រមព្រហ្មទណ្ឌ ។
ចៅក្រមយល់ឃើញថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឱ្យចូលខ្លួនលេខ ២៧៧៦ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លើឈ្មោះ គង់ ចិនតឺ ដោយជននេះមិនព្រមចូលមកបង្ហាញខ្លួនចំពោះមុខតុលាការហេតុដូច្នេះតុលាការ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនត្រូវចោទឈ្មោះ គង់ ចិនតឺ ដើម្បីឱ្យជនត្រូវចោទរូបនេះ មកបង្ហាញខ្លួនចំពោះមុខតុលាការ ដើម្បីរកការពិតក្នុងរឿងក្តីខាងលើ ។
ហេតុដូច្នេះបង្គាប់១–ឱ្យចាប់ខ្លួនឈ្មោះ គង់ ចិនតឺ ភេទប្រុស កើតឆ្នាំ២០០៦ ដែលមានអត្តសញ្ញាណខាងលើនេះ ។
២–បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ ឬទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ដើម្បីចាត់ការតាមច្បាប់ ។
៣–បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈយ៉ាងខ្លីបំផុត។ បច្ចុប្បន្ន ជនជាប់ចោទខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីបន្តតាមនិតិវិធី៕