
ពិធីប្រគល់ និងទទួល មូលនិធិពីសប្បុរសជន ដើម្បីចូលរួមអបអរខួបលើកទី ១៦០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ”
ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បាននាំយកនូវថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ថវិការបស់ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និងក្រុមហ៊ុន ជូនឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ។ ក្នុងពិធីប្រគល់ និងទទួលមូលនិធិនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ស្ថាប័ន មន្ទីរ អង្គភាពនានា និងវិស័យឯកជនក្នុងខេត្ត បាននាំយកនូវថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផងដែរ ។
នាឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ពេលកន្លងមក និងនាពេលនេះ ជួយដល់សាខាកាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមអំពាវនាវសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដើម្បីសាខាមានធនធានក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយក្នុងខេត្ត បានទាន់ពេលវេលា ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” និង “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ៕