ខេត្តព្រៃវែង៖លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត បានរៀបចំវេប្រគេនទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃចំនួន ៣៩ វត្ត តាមបណ្ដាលក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង ។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២ នៅក្នុងសាលាខេត្តព្រៃវែង។
ក្នុងឱកាសនៃពិធីបុណ្យនេះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមឧទ្ទិសមហាបុណ្យកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុប្រទេសជាតិ ការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ។
ចំពោះទេយ្យវត្ថុដែលវេប្រគេនចំពោះព្រះសង្ឃទាំង ៣៩ វត្តនោះរួមមាន៖ ទៀនចំណាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, ស្លាដក ១, អង្ករ ៥០ គីឡូ ,បាឡុង ១ ,ទឹកដោះគោ ១ កេស ,ទឹកសុទ្ធ ២ កេស ,ទឹកក្រូច ២ កេស,ទឹកផ្លែឈើ ២ កេស, មី ៣ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ កេស, អំបិល ១០ គឺឡូ, ស្ករស ២៥ គឺឡូ,ប្រេងឆា ១០លីត,ម៉ាស់ ៥ ប្រអប់, បច្ច័យក្នុងមួយវត្ត ៥០ ម៉ឺនរៀលផងដែរ។
ចំពោះទេយ្យទានទាំងអស់នេះ ដើម្បីវេប្រគេនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់កាលត្រីមាស រយៈពេល ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។
គួរំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមានានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង៕