
បុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប អភិសោកអដ្ឋិធាតុលោកអ្នកមានគុណ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណដេករាម (ហៅវត្តជ្រុងរមាស) ស្ថិតក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ
ខេត្តកណ្តាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិតីភាពក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប អភិសោកអដ្ឋិធាតុលោកអ្នកមានគុណ និងឆ្លងសមិទ្ធផលនានាក្នុងវត្តសុវណ្ណដេករាម (ហៅវត្តជ្រុងរមាស) ស្ថិតក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
នាឱកាសនោះលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ បានផ្ដល់ឱកាសពេញលេញ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត រួមនឹងការប្រតិបត្តិជំនឿសាសនានានា ហើយបានផ្ដល់ឱកាស នៃការចូលរួមធនធានផ្ទាល់ខ្លួន តាមរយៈ វប្បធម៌ នៃការចែករំលែក ដើម្បី ចូលរួមកសាង និងអភវិឌ្ឍវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចំរើន ស្របតាមការអភិវឌ្ឍ នៃសង្គមជាតិ ផងដែរ ។
អភិបាលរងខេត្តបន្តថា ដូចបងប្អូនបានជ្រាបហើយថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ។ ក្រៅពីនោះ វិស័យព្រះពុទ្ធសាសនា ក៏តែងតែបានចូលរួមចំណែកក្នុងការងារសង្គម កម្មវិធីមនុស្សធម៌ និងកាកបាទក្រហម ជាដើម ដូចគ្នានោះដែរ តាមរយៈ តួនាទីដ៏សំខាន់ នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចំរើនថែមទៀត ៕