អភិបាលខេត្តស្ទឹងត្រែង គ្រើនរំលឹកដល់កំលាំងប្រដាប់អាវុធមានសមត្ថកិច្ច ត្រូវសហការគ្នាឱ្យល្អ ត្រូវពិនិត្យលើបទល្មើសព្រៃឈើ ដែលកើតឡើងនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានគ្រើនរំលឹក ដល់កំលាំងប្រដាប់អាវុធមានសមត្ថកិច្ចត្រូវសហការគ្នាឱ្យល្អ ត្រូវពិនិត្យ លើបទល្មើសព្រៃឈើដែលកើតឡើងនៅខេត្តស្ទឹងត្រែង ម្យ៉ាងទៀតឱ្យកងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទត្រូវរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងរដូវ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងឈានចូលមកដល់ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំបានលើកយកនូវរបៀបវារៈសំខាន់ៗរួមមាន៖ ១)-មតិបើកកិច្ចប្រជុំរបស់ឯកឧត្តមអធិបតីអង្គប្រជុំ, ២)-ការចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត និងលើកទិសដៅការងារខែបន្ទាប់, ៣)-មតិយោបល់របស់លោក លោកស្រី សមាជិក សមាជិការអង្គប្រជុំ, ៤)-ផ្សេងៗ, ៥)- មតិបូកសរុប និងបិទកិច្ចប្រជុំ៕