(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ ម៉ុក សុផានិត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ នូវ សុធាន ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពីបទគំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់ ឬដឹកជញ្ចូនអាវុធដោយគ្មានច្បាប់អនុញ្ញាត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នាវេលាថ្ងៃខែខាងលើជនសង្ស័យបានឈ្លោះប្រកែក ជាមួយជនរងគ្រោះ (ត្រូវជាពូថ្លៃ) ដោយបានវាយទៅលើជនរងគ្រោះជាច្រើនដៃ ហើយបានយកកាំបិតប៉័ងតោ ចំនួន ០២ដើម (ប្រវែង៣០សង់ទីម៉ែត្រ) ជាកាំបិតរបស់ជនរងគ្រោះ ទៅដាក់ក្នុងកែបម៉ូតូ រួចបាននិយាយ គំរាមកំហែងថា នឹងសម្លាប់ជនរងគ្រោះ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជន សង្ស័យ មកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ដោយផ្អែកលើចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរករឿងឈ្លោះ និងវៃប្រតាយប្រតប់ និងបានគំរាមថានិងសម្លាប់ជនរងគ្រោះពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ម៉ែន ភារម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំជំនាញការិយាល័យព្រហ្មទណ្ឌ បញ្ចូនទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕