(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានផ្សព្វផ្សាយអំពីស្ថានភាពធាតុអាកាសដែលបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំ នឹងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀបកងកម្លាំងមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើក្នុងការបម្រើប្រជាជនឲ្យទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកមេបញ្ជាការរងនាយសេនាធិការ កងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងទាំងអស់បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារនិង ៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕