ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ពិធីសម្ពោធអគារទីបញ្ជាការ​ អគារស្នាក់នៅ​ និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ យោធភូមិភាគ៥​ កងទ័ពជេីងគោក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់យោធិនក្នុងអង្គភាព ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។

 

ឯកឧត្តមបណ្ឌិត ក៏សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វសំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត៕

Leave a Reply

Your email address will not be published.