
ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានា ចំនួនជាង ៤៥០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត នាខេត្តតាកែវ!
(តាកែវ)៖នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានវត្តមានការចូលរួមដំណើរដោយឯកឧត្តមបណ្ឌិត មួង ឃីម,លោកឧកញ៉ា សោម សុខរ៉ាឌី,សាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) រួមជាមួយក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាចំនួនជាង ៤៥០នាក់ មកពីស្រុកចំនួន០៨ នៃខេត្តតាកែវ ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ រួមជាមួយឯកឧត្តម–លោកជំទាវ អភិបាលស្រុក មេឃ៉ំ អ្នកមុខអ្នកការ ក្រុមការងារជាច្រើនរូបផងដែរ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ស្វាគមន៍ក្នុងអង្គពិធី និងបង្ហាញពីសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ ចំពោះបងប្អូនដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជឿងជាក់លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។
ក្នុងពិធីនាព្រឹកនេះផងដែរឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ក៏បានមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី និងបានបង្ហាញអារម្មណ៍ប្រកបដោយភាពកក់ក្តៅជូនដល់បងប្អូនដែលមកពីគណបក្សប្រឆាំងនានា ដែលសម្រេចចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងបានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ខិតខំបញ្ចេញសមត្ថភាព ភាពស្មោះត្រង់ ចំណេះដឹង និងការលះបង់ ដើម្បីបំពេញការងារស្របតាមតួនាទី ព្រោះនេះជាឱកាសមាសសម្រាប់បងប្អូន។ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខទេដែលមានសមត្ថភាពក្នុងការដឹកនាំពិតប្រាកដ។
ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុងនេះមុខនេះ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។នាចុងបញ្ចប់នៃកម្មវិធីក៏មានការជួបជុំគ្នាថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕