ព័ត៌មានជាតិ

មេឃុំ មេភូមិ និងចាស់​ព្រឹទ្ធាចារ្យក្នុង​ឃុំជ្រៃ​លាស់​ ទទួល​បានវគ្គបណ្តុះ​បណ្តាលគណៈ​កម្មការ​រដ្ឋបា​ល ស្ដីពីតួ​នាទី និងភារៈកិច្ចក្នុង​ការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តកណ្តាល៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិ​ធីបើកវគ្គបណ្ដុះបណ្ដា​លគណៈកម្មការរដ្ឋបា​លស្ដីពីតួនាទីក្នុងការ​ចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រ​ព័ន្ធចំនួន១៥ភូមិ​ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាលជូន​ដល់ មេឃុំ មេភូមិ និងចាស់ព្រឹទ្ធា​ចារ្យគឺ​ដើម្បី​អោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងចរាចរណ៍​ណែនាំតួនាទី និង​ភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី១១ ខែក​ក្ក​ដា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតក្នុងសាលាឃុំជ្រៃលាស់។

 

លោកព្រំឆាត ​អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមាន​ប្រសាសន៍ថា៖គណៈកម្មការដែល​ទទួលបានវគ្គបណ្តុះ​បណ្តាលនា​ថ្ងៃនេះត្រូវត្រ​ងត្រា​ប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហកា​រជាមួយមន្រ្តី​សុរិយោដីដែល​ចុះមកវាស់វែ​ងដីជូនប្រជា​ពលរដ្ឋនៅ ឃុំជ្រៃលាស់នៅថ្ងៃខាងមុខនេះ អោយទទួលបានជោគជ័យ និងលទ្ធផ​លល្អប្រសើរ។

 

លោក ព្រំ ឆាត បានថ្លែងបន្តថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុង​ការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណ​ត់ចុះវាស់វែងដីជូន​ប្រជាពលរ​ដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។

 

លោកបានអំពាវនាវដល់ លោកមេភូមិ ឃុំ ត្រូវធ្វើការផ្សព្វផ្សាយដល់​បងប្អូនប្រជាពលរដ្ឋអោ​យបា​នគ្រប់ៗគ្នាដោ​យអោយពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តស​ញ្ញា​ណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងកា​រវាស់វែងដី​នេះដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជា​ពលរដ្ឋអោយបា​នឆាប់​រហ័ស។

 

លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់​ត្រូវខិតខំបន្ថែមទៀតលើ​ការងារចុះ​បញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធនេះដើ​ម្បីឈានទៅសម្រេច​បានចក្ខុវិស័យរបស់​ក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។

 

ថ្លែងក្នុងឱកាស​នោះ លោក ម៉ិល ម៉ារឌី អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិ​បាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារ​ចុះបញ្ជីដីធ្លីនេះដើម្បីចូ​លរួមចំណែកក្នុងកា​របង្កើ​ននូវ​សុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍​ទីផ្សារដីធ្លីប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអ​ភិវឌ្ឍន៍សេដ្ឋកិច្ចអោយ​បានប្រ​សើរឡើង។

 

លោក បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រ​ជាពលរដ្ឋត្រូវ​កំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោល​អោយ​រឹងមាំ។ជាពិសេសពាក់ព័ន្ធនឹងដីធ្លីនេះត្រូវអោយបងប្អូនប្រជាពលរដ្ឋត្រៀមនៅ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈ​ភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជា​ដើមដើម្បីអោយក្រុម​ការងារងាយស្រួល​ក្នុង​ការចុះវាស់វែង។

 

លោកអភិបាលរងស្រុក​បានរំលឹកដល់គណកម្មការរដ្ឋបាល ដែលមានសមាសភាព ឃុំ ភូមិ ត្រូវពិនិ​ត្យអោយបានត្រឹមត្រូវនូវ តួលេខដីរដ្ឋ សាលារៀន វត្ត បឹង ព្រែក ដែលមាននៅក្នុងមូលដ្ឋាន ដើ​ម្បីនៅ​ពេលដែលប្រកាសតំបន់វិនិច្ឆយ័ក្នុងឃុំ ត្រូវកំណត់អោយច្បាស់លាស់ ថាតើ​មានផ្ទៃដី​ប៉ុន្មានត្រូវចូលក្នុងបញ្ជី ផ្ទៃដីប៉ុន្មា​នដែលត្រូវត្រៀម​ធ្វើ​ការអភិវឌ្ឍន៏ក្នុ​ងឃុំតាមផែនការរ​បស់ស្រុកនា​ពេល​ខាងមុខ៕

Leave a Reply

Your email address will not be published.