(ភ្នំពេញ)៖ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាអនិតិជនម្នាក់ ធ្វើដំណើរមកពីប្រទេសបារាំងមកសម្លាប់ប្រពន្ធរបស់ខ្លួន នៅស្រុកខ្មែរ ត្រូវកូនស្រីតូចរត់ចេញពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាងជួយ នៅក្នុងបុរីKC ផ្ទះលេខA11 ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកជនដៃដល់ជាប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិតិជនខ្មែរ រស់នៅប្រទេសបារាំង។មានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃម្នាក់។
ពាក់ព័ន្ធករណីឃាតកម្មនេះដែរបើតាមសម្តីក្មេងស្រី ជាកូនជនរងគ្រោះបានឲ្យដឹងថា ឪពុករបស់ខ្លួនរស់នៅឯប្រទេសបារាំង ហើយក៏មិនដឹងថា មកស្រុកខ្មែរតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុវេលាម៉ោង៧និង៣០នាទីព្រឹក ក៏ជិះម៉ូតូមកដល់ផ្ទះ ហើយបានចាក់សោរខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួន និងវាយរួចយកខ្សែភ្លើងឆក់ រហូតលែងដឹងខ្លួន ហើយបានច្រកដាក់ចូលក្នុងវ៉ាលីតែម្តង មិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វើបាបខ្លួនមិនឲ្យស្រែកប្រាប់នរណាទៀតផង។ដោយឃើញដូចនេះក្មេងស្រីក៏លួចរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយដែរតែមិនមានអ្នកជួយ ទើបខលហៅម៉ាក់អ៊ុំឲ្យមកជួយតែម្តង។
ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ក្រោយពីក្មួយស្រីរបស់ខ្លួនដែលត្រូវជាកូនស្រីជនរងគ្រោះបានខលប្រាប់ថា ម៉ាក់អ៊ុំជួយផងប៉ាមកវាយម៉ាកបែកឈាមពេញខ្លួន ពេលនោះគាត់ក៏មកមើលក៏ឃើញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលីបាត់ទៅហើយទើបស្រែកហៅអ្នកជិតខាងឲ្យជួយ និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ តែភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ទៅហើយ។ ក្រោយមកសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច្ចយលើសព និងកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ផងដែរ៕