(បន្ទាយមានជ័យ)៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២) និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តី ពេលផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះនគរបាលចរាចរណ៍ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់និងស្លាប់។កម្លាំងនគរបាលការពារព្រំដែនត្រូវទប់ស្កាត់ឲ្យបានរាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយទោ ស្នងការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលគ្រប់ជំនាញពាក់ពន្ធ័។ទន្ទឹមនោះលោកបានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា០០៦ ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង។លើសពីនេះទៀត តាមស្រុកនីមួយៗគោលដៅស្មុគស្មាញ ត្រូវជម្រុញឲ្យពលរដ្ឋដាក់កាំម៉េរ៉ាសុវត្ថិភាព ដើម្បីឲ្យជំនាញងាយក្នុងការស៊ើបអង្គេត បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ សំដៅធានាឲ្យបានសន្តិសុខសុវត្ថិភាព១០០%ជូនពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕