
ប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន ។ពិធីនេះបានធ្វើឡើង នាសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ពិធីប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីន នាថ្ងៃនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀត បន្ថែមលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសក្ដានុពលរបស់ខេត្ដ ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្ដបន្ទាប់ ធ្វើឲ្យសេដ្ឋកិច្ចខេត្ដស្វាយរៀង មានកំណើនគួរឲ្យកត់សម្គាល់ ជីវភាពប្រជាជនកាន់តែល្អប្រសើរ កាត់បន្ថយបានជាអតិបរមា នៃការធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅក្រៅខេត្ត ។ ក្នុងនាមរដ្ឋបាលខេត្ដ មានសុទិដ្ឋិនិយមថា ការប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីន នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលឲ្យអស់លទ្ធភាព ប្រកបដោយសុវត្ថិភាព លុបបំបាត់ភាពភ័យខ្លាចនានា ការគំរាមកំហែងផ្សេងៗ ដែលអាចបង្កឡើងដោយសារមីនដែលមានកប់ក្នុងដី ហើយអ្នកវិនិយោគនឹងកាន់តែមានក្ដីរីករាយ និងទំនុកចិត្ដ ក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួន នៅតាមភូមិសាស្រ្ដនានាក្នុងខេត្ដ ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការពង្រីកវិសាលភាព នៃការវិនិយោគនានាដែលមានការប្រមូលផ្ដុំនៅក្នុងតំបន់ភូមិសាស្ត្រតែមួយ ឲ្យមានការរាយប៉ាយទៅតំបន់ផ្សេងៗទៀតនៅតាមបណ្ដាក្រុង ស្រុកនៅទូទាំងខេត្ត ។
តាមរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣.៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧.១៨៤៣គ្រាប់ ។ ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនចុងក្រោយ និងប្រកាសជាខេត្តអស់មីននាថ្ងៃនេះ ក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០២៣ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់ ។
ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ–អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ទោះបីជាខេត្តស្វាយរៀងបានប្រកាសថាអស់មីន និងក្លាយជាខេត្តទី ៨ នៅទូទាំងប្រទេស យ៉ាងណាក៏ដោយ លោកជំទាវ បានអំពាវនាវដល់ប្អូនៗ ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖
១.បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត ។
២.ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់
៣.កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕