ភ្នំពេញ៖ ការទទួលយកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា ដោយឈរលើគោលនយោបាយឈ្នះៗ ពិតជាជម្រើសដ៏ល្អប្រសើរ ដែលធ្វើឲ្យភាគីវិវាទ ចំណេញទាំងពេលវេលា ចំណេញទាំងថវិការ និង ទទួលបានទាំងស្នាមញញឹម ដោយមិនមានការចោទប្រកាន់ថាជាតិសាសន៍នេះ មិនល្អ ជាតិសាសន៍នោះមិនល្អនោះទេ គឺមានតែធ្វើឲ្យជាតិទាំងពីរមានទំនាក់ទំនងល្អបន្ថែមទៀត។
សូមបញ្ជាក់ថាវិវាទរវាងលោក អេរិក ជ័ហ្ស អេលី ដឺ ម៉ូហ្សាឌិក(ERIC GEORGES ELIE VIEUX-DE MORZADEC) អាយុ៦៧ឆ្នាំ ជាជនជាតិបារាំង និង ព្រះតេជេគុណ សុខ សុភ័ស្ស ព្រះជន្ម២២ ព្រះវស្សា និង ញោមរបស់ព្រះអង្គ នៅក្នុងឆ្នាំ២០២១។ តាំងពីមានវិវាទនោះមក ធ្វើឲ្យភាគីទាំងពីរបានប្តឹងប្តល់គ្នា ដោយមិនអាចរកឃើញនូវដំណោះស្រាយ រហូតមានការប្តឹងគ្នាទៅដល់តុលាការទៀតផង។
ចំពោះវិវាទកាលពីល្ងាចថ្ងៃសៅរ៍ទី០៩ ខែ កក្តដា ឆ្នា២០២២ ភាគីទាំងពីររួមគ្នាខិតខំដោះស្រាយញ្ចប់វិវាទទាំងស្រុងឈរលើស្មារតីគោរពស្រឡាញ់ ផ្អែកលើគោល ការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ ជាលទ្ធផលគឺភាគីម្ខាងទទួលបានផ្ទះ និងភាគីម្ខាងទៀតទទួលបានប្រាក់៤ម៉ឺនដុល្លារដែលបានទូទាត់បញ្ចប់ទាំងស្រុងក្នុង ក្រោមការខិតខំរបស់ឯកឧត្តម ដួង តារា។
ហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នាធ្វើលិខិតសះជា បញ្ជាប់វិវាទ និង បានធ្វើលិខិតថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយអន្តរាគមន៍ និង ថ្លែងអំណរគុណចំពោះឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ដែលបានជួយសម្របសម្រួលដោះស្រាយរហូតបញ្ជាប់វិវាទទ្រាំងស្រុង។
ក្រោយពីបានដោះស្រាយបញ្ចាប់វិវាទ ឯកឧត្តម ដួង តារា ក៏បានបង្ហោះក្នុង ផេកផ្លូវការរបស់ឯកឧត្តម ផងដែលថា ដំណោះស្រាយឈរលើគោលការណ៍ឈ្នះ-ឈ្នះ គឺ អ្នកមានវិវាទឈ្នះទាំងអស់គ្នា ឈ្នះទាំងពេលវេលា, ឈ្នះទាំងថវិកាជាមួយស្នាមញញឹម។
លទ្ធផលបញ្ចប់វិវាទថ្ងៃនេះបាននាំមកវិញនូវទំនាក់ទំនងល្អរវាងជាតិសាសន៍ទាំងពីរ ដែលមិនឈឺក្បាលដល់សម្តេចតេជោ និងតំណាងស្ថានទូតផងដែរ។
ឯកឧត្តម ដួង តារា សូមលើកទឹកចិត្តនិងគាំទ្រដល់បងប្អូនដែលមានបញ្ហាវិវាទផ្សេងៗ ជាពិសេសវិវាទដីធ្លី សូមរួមគ្នាដោះស្រាយដោយសន្តិវិធីជាមួយនឹងភាពស្មោះត្រង់ឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច (មិនកេងបន្លំដោយកលល្បិច និងមិនយកឈ្មោះអ្នកធំមកអាងលេងសើចនៅពីក្រោយ) នោះបញ្ហានឹងដោះស្រាយបានជាមិនខាន។
ឯកឧត្តមសូមគោរពអរគុណសម្តេចទាំងទ្វេ ដែលតែងមានក្តីអាណិតស្រឡាញ់និងសណ្តោសករុណាដល់ពលរដ្ឋទូទាំងប្រទេស។
អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕