
សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាំយកអំណោយមនុស្សធម៌ចែកជួនគ្រួសាររងគ្រោះប៉ើងដំបូលផ្ទះនៅស្រុកសាលាក្រៅ
(ប៉ៃលិន)៖ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នូ សុគុណ អនុប្រធានគណៈកម្មាធិការ អនុសាខាស្រុកសាលាក្រៅ បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចំនួន ៨នាក់ ស្រី ២នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន ១ខ្នងផ្ទះ មេគ្រួសារ ឈ្មោះ មុំ ចាប ភេទប្រុស អាយុ ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ជឿន សរឿន អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អំណោយដែលអនុសាខាចែកជូនរួមមាន៖ ស័ង្កសី ២០ សន្លឹក(ប្រវែង ២,៥០ម៉ែត្រ) អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ៥ យួរ ។
ក្នុងឱកាសនេះ លោកអនុប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕