
លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងការប្រមូលធាតុចូលទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមរៀបចំតាក់តែងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១
(ភ្នំពេញ)៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងធាតុចូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំតាកតែងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍកម្ពុជាបន្តពីយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំណាក់កាល ដែល រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក។
អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើមុំទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចសមិទ្ធផលការងារបានក្រោមយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាលក្នុង នីតិកាលទី៦ នៃរដ្ឋសភា (២០១៨–២០២៣) ព្រមទាំងបានកំណត់សូចនាករ និងពេលវេលាអនុវត្តច្បាស់លាស់ ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីបានជាធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នេះផងដែរ៕