
ឯកឧត្តម ឡូយ សុផាត អញ្ចើញសម្ភោធអគាសិក្សា១ខ្នងនៅក្នុងសាលាវិទ្យាល័យ បុរីអូរស្វាយសែនជ័យ ដែលជាជំនួយអង្គការភ្លែន
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ
អគារសិក្សាចំនួន១ខ្នង ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ។
ក្នុងឱកាសនោះឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
ក្នុងនោះ ឯកឧត្តមក៏បានថ្លែងអគុណចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ ។ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌ របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានយកអំណោយផ្ទាល់របស់ឯកឧត្តម ជូនដល់សាលាវិទ្យាល័យបុរីអូរស្វាយសែនជ័យ នូវថវិកា ចំនួន ៤០០.០០០រៀល និងលោកគ្រូអ្នកគ្រូ ចំនួន ១៦០ នាក់ ក្នុងម្នាក់ ទទួលបាន ២០០០០ រៀលសរុបថវិកា ចំនួន ៣.២០០.០០០ រៀល និង ផ្តល់សម្ភារៈសិក្សាសិស្សានុសិស្ស ផងដែរ ៕