
អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា បានចុះជួបសំណេះសំណាលជាមួយអតីតមន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀន និងសកម្មជនរបស់គណបក្សប្រឆាំងចំនួន ៣៦នាក់ ដើម្បីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសកម្មជនរបស់គណបក្សប្រឆាំង ដើម្បីបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៦រូប ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការទទួលស្វាគមន៍ និងរៀបចំពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាតំណាងរាស្ត្រខេត្តកំពង់ធំ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមជាមួយឯកឧត្តម–លោកជំទាវ មន្ត្រីរាជការ ក្រុមការងារជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះអ្នកឧកញ៉ា លី សាម៉េត ក៏បានមានមតិ និងអនុសាសន៍ស្វាគមន៍ចំពោះអង្គពិធីទាំងមូល ជាពិសេសអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសកម្មជនរបស់គណបក្សប្រឆាំងទាំង៣៦រូប ដែលជ្រើសរើសផ្តាច់ប្តូរជំហររបស់ខ្លួន ហើយវិលមករួមរស់ជីវភាពជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ។
ពិតណាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ផងដែរថាអតីតមន្ត្រីជាន់ខ្ពស់ និងសមាជិករបស់គណបក្សប្រឆាំងទាំងអស់ក៏បានចូលជួបសំណេះសំណាល និងបានទទួលនូវអនុសាសន៍ល្អៗរបស់ឯកឧត្តម ដួង តារា នាពេលកន្លងមកនៅរាជធានីភ្នំពេញ និងនៅគេហដ្ឋានផងដែរ ទើបសម្រេចចូលរួមលើនាវារបស់គណបក្សប្រជាជនកម្ពុជានាឱកាសនេះ។
នៅពេលចុងបញ្ចប់នៃកម្មវិធីនាព្រឹកនេះអតីតមន្ត្រីជាន់ខ្ពស់ និងសមាជិករបស់គណបក្សប្រឆាំងទាំងអស់បានទទួលនូវលិខិតប្រកាសជាផ្លូវការដើម្បីចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕