ខេត្តតាកែវ៖ អាជ្ញាធរមូលដ្ឋាន ពិសេសនាយប៉ុស្តិ៍នគរបាលប្រាំបីមុំ ហាក់បីដូចជា មិនខ្វល់ខ្វាយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ទាល់តែសោះបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ(កុងព្យូទ័រ) នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងនៅក្នុងហាងការហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិល្វេ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ទោះបីអ្នកសារព័ត៌មានរាយការណ៍ជូនយ៉ាងណាក្តីក៏គ្មានចំណាត់ការ ឬមួយជាឆ្នាំបាយរបស់ខ្លួន។
ពាក់ព័ន្ធនឹងការបើកលេងល្បែងស៊ីសងនេះដែរ ភ្នាក់ងារយើងបានខលទូរស័ព្ទរាយការណ៍ជូនលោកវរៈសេនីយ៍ត្រី ចេវ ឌឿន នាយប៉ុស្តិ៍នគរបាលប្រាំបីមុំ ជាច្រើនដង លោកឆ្លើយបានត្រឹមតែពាក្យថា ឲ្យនាយរងប៉ុស្តិ៍ចុះទៅមើល «ពាក្យថាចុះទៅមើលនេះ បើគិតមកដល់ពេលនេះរយះពេល ៤ថ្ងៃទៅហើយ គ្មានចំណាត់ការទាល់តែសោះ រីឯទីតាំងខាងលើបើកលេងដោយរលូនដ៏ដែលគ្មានខ្លាចញញើតនឹងសមត្ថកិច្ចនោះឡើយ» ទាំងនេះអាចដាក់ការសង្ស័យថា នាយប៉ុស្តិ៍នគរបាលប្រាំបីមុំ ឃុបឃិត ឬដាក់ភាគហ៊ុនជាមួយម្ចាស់ទីតាំងបនល្បែងខាងលើ ដោយប្រឆាំងទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញយ៉ាងដាច់ណាត់នាពេលថ្មីៗនេះ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តដោយមិនយោគយល់ចំពោះអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ្នកចាំកាងនៅពីក្រោយ ដែលពាក់ព័ន្ធ ទោះជាពាក់ដល់ទៅផ្កាយ ឬលោកខែ ក៏មិនយោគយល់ តែពេលនេះក៏ស្រាប់តែនៅមូលដ្ឋានដែលគ្រប់គ្រងដោយនាយប៉ុស្តិ៍នគរបាលប្រាំបីមុំ បើកឲ្យលេងល្បែងយ៉ាងងគក្រឹកគក្រេងគ្មានចំណាត់ការបែបនេះ មិនខុសអ្វីដែលពាក្យចាស់លោកពោលថា «បើខ្មោចស្រុកមិនឲ្យដៃ ម្តេចខ្មោចព្រៃវាហាន»។ដូច្នេះស្នើឲ្យឲ្យអធិការដ្ឋាននគរបាលស្រុកទ្រាំង មានចំណាត់ការផងទាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត គ្មានការភ័យខ្លាច ព្រោះថាមានល្បែងស៊ីសងតែងតែកើតមាននូវបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម បើសង្ឃឹមអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបនោះមិនអាចទៅរួចនោះទេ ដោយសារការលេងល្បែងនេះមិនមែន ទើបតែលេងនោះទេ ៕មានវគ្គបន្ត