ខេត្តកណ្តាល៖ ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ –២០២៣នៅក្នុងមណ្ឌលប្រឡងបឋមសិក្សា កៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការប្រឡងនេះ គឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិសាសនា ជាពិសេស ដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនាជាតិយើងមានការរីកចំរើន ក្រោមដំបូល សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកបន្តថា៖សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំនេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជា ចំនេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោល នយោបាយកំណែរទម្រងស៊ី ជម្រៅរបស់រាជរដ្ឋាភិបាល។
ព្រះពោធិវង្សា ពៅ រតនា ព្រះអង្គបានមានសង្ឃដីកាថា៖សមណសិស្សប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឱ្យបានត្រឹមត្រូវ ដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តខិតខំបំពេញ កាតព្វកិច្ចប្រឡងនេះយកឱ្យបាននូវវិញ្ញាបនបត្រ គ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត ។
ព្រះអង្គបានបញ្ជាក់ថា៖ ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២–២០២៣នេះ ក្នុងស្រុកកៀនស្វាយមាន សមណសិស្សនិមន្តមកប្រឡងចំនួន៣ស្រុក គឺ៖ ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែកៈ មានបេក្ខសមណសិស្សសរុបចំនួន៥៩៧អង្គ/នាក់
ក្នុងនោះបេក្ខសមណសិស្សប្រឡងថ្នាក់ត្រីមានចំនួនៈ២៥៦អង្គ ចែកចេញចំនួនះ៨បន្ទប់ បេក្ខសមណសិស្សប្រឡងថ្នាក់ទោមានចំនួន១៩១អង្គ ចែកចេញចំនួន៦បន្ទប់ បេក្ខសមណសិស្សប្រឡងថ្នាក់ឯកមានចំនួន១៥០អង្គ ចែកចេញចំនួន៥បន្ទប់ និងគណៈកម្មការមេប្រយោគ គណៈកម្មការកណ្ដាល គណៈកម្មការអនុរក្ស និងគណៈកម្មការកំណែរ សរុបចំនួនៈ៩៨អង្គ/នាក់ ដែលមានមុខវិជ្ជាប្រឡង ចំនួន៤មុខវិជ្ជាគឺ ១,ប្រជុំកងធម៌ ២.ពុទ្ធប្បវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ៕