ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានរៀបចំនៃការប្រឡងលើវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក របស់សមណៈសិស្ស នាដំណាច់ឆ្នាំសិក្សា ២០២២ –២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាំយមានជ័យក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ដោយបានទទួលការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរធម្មការនិងសាសនា សាលាគណខេត្តទាំងពីរគណៈបានរៀបចំនៃការប្រឡងនាពេលនេះឡើង ដោយឈរលើគោលការណ៍បម្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួនជានិច្ចទោះបីកាពារនិងបីកុំ។
លោក បៀវ ថាន បន្តថា សម្រាប់ដំណាច់ឆ្នាំ២០២២–២០២៣ជាឆ្នាំលើកទី៣០ ដែលមានការរៀបចំការប្រឡង ធម្មវិន័យ ថ្នាក់ត្រី ទោ ឯកដែលមានបេក្ខសមណៈសិស្ស សិស្ស បានដាក់ពាក្យប្រឡងចំនួន១៦៩៨អង្គនាក់ មកពីតាមបណ្តាវត្តនានា នៅក្នុងក្រុងស្រុកទាំង៩ ឯវិញ្ញាសាដែលត្រូវប្រឡងមានចំនួនបួនមុខវិជ្ជារូមមាន
១.វិញ្ញាសាប្រជុំកងធម៌ ,២.វិញ្ញាសា ពុទ្ធប្បវត្តិ ,៣.វិញ្ញាសាព្រះវិន័យ និងទី៤.វិញ្ញាសា សាសនសុភាសិត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ធនធានមនុស្ស ធនធានព្រះសង្ឃដែលស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ នៃការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន និងនោះមានវិស័យផ្លូវ ទឹក ភ្លើងនិងមនុស្ស។ប៉ុន្តែ បច្ចុប្បន្ននេះ គឺវិស័យធនធានមនុស្ស បានឈរមកលំដាប់អាទិភាពទីមួយវិញ ពីព្រោះវិស័យធនធានមនុស្សមានសារសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ទាប់ពីប្រទេសរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។តាមរយៈនូវសមិទ្ធផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងនូវវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតជាពិសេសបានកសាងនូវសមិទ្ធផល សាសនាជាច្រើន ដើម្បីរួមចំណែកអប់រំផ្លូវចិត្តនិងបណ្តុះបណ្តាលនូវធនធានប្រសើរប្រកបដោយគុណធម៌ សីលធម៌និងមាន ភាពគ្រប់គ្រាន់សម្រាប់ចូលរួមបន្តវេនកសាងអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា ក្នុងការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯកនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ព្រមទាំងបុត្របានជួយឧបត្ថម្ភចង្ហាន់ដល់ព្រះសង្ឃ កំពុងប្រឡងចំនួន១៧០០ប្រអប់ស្មើនឹងថវិកា ចំនួន៣៤០០ដុល្លារ ភេសជ្ជៈកូកាកូឡាចំនួន២៥កេសស្មើនឹង២៣២ដុល្លារ ទឹកក្រូច២៥ស្មើនឹង១៨២ដុល្លារ ទឹកបរិសុទ្ធចំនួន២០០យួរសរុបថវិកាទាំងអស់ចំនួន ៣៩២៩ដុល្លារសហរដ្ឋអាមេរិក៕