ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញអមដំណើរលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានមណ្ឌល កុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់និងលោកជំទាវ កែ សួនសុភី រួមក្រុមការងារ មន្ត្រីរាជការ បាននាំយកអំណោយ ជាសម្ភារ:សិក្សាសម្រាប់ឆ្នាំ២០២៣ និងគ្រឿងឧបភោគ បរិភោគ ទៅចែកជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន ៖
១–អាវសិស្សសាលាបឋម ចំនួន ៥៣ឈុត គិតជាថវិកា ៣៧១ដុល្លារ
២–អាវសិស្សសាលាវិទ្យាល័យ ចំនួន ៧៣ឈុត គិតជាថវិកា ៥៨៤ដុល្លារ
៣–អាវកីឡា ចំនួន ១២៦ឈុត គិតជាថវិកា ៥០៤ដុល្លារ
៤–អង្ករ ២តោន គិតជាថវិកា ១,១៦៦ដុល្លារ
៥–មី ចំនួន ៥កេសធំ គិតជាថវិកា ១៧៥ដុល្លារ
៦–ត្រី ខ ចំនួន ១០កេសធំ គិតជាថវិកា ៧២០ដុល្លារ
៧–ទឹកសូរាស ចំនួន ២០កេស គិតជាថវិកា ២២០ដុល្លារ
៨–ទឹកក្រូច ចំនួន២០កេស គិតជាថវិកា១៤០ដុល្លារ
៩–ទឹកផ្លែឈើ ចំនួន២០កេស គិតជាថវិកា ១៧០ ដុល្លារ
១០–ទឹកសុទ្ធ ចំនួន ៥០កេស គិតជាថវិកា ៧៥ដុល្លារ
១១–គ្រឿងបំពងសំលេង ១ឈុត គិតជាថវិកា ៨៩០ដុល្លារ
១២–ថវិកាសំរាប់ផ្គត់ផ្គង់ទូទៅក្នុងមណ្ឌល ១២,៧០០,០០០រៀល(ដប់ពីរលាន ចិតសិបម៉ឺនរៀល ) គិតជាទឹកប្រាក់សរុបចំនួន ៨,៣២៤ដុល្លារ។
ក្នុងឱកាសនោះឯកឧត្តម ស សុខា ក៏បានអំពាវនាវ សូមឱ្យប្អូនៗ ក្មួយៗ ពេលសិក្សា សូមប្អូនៗត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្នាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី កូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ហើយយកចំណេះ ជំនាញទៅប្រើឲ្យចំគោលដៅ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើននៅពេលអនាគត ។
ក្រោយចប់កម្មវិធី ក៏មានបាយសាមគ្គីជូនកូនៗ ក្មួយ ជាកុមារកំព្រា និងក្រុមការងារ ប្រកោបដោយភាពស្និតស្នាល និងស្នាមញញឹម ផងដែរ ៕