ខេត្តបន្ទាយមានជ័យ៖យោងតាមលិខិត លេខ 3096 ពណ.អវឯ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តបន្ទាយមាន មានកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លលេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លី សារី អភិបាលរងខេត្ត។
លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា សភាពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ដែលបានដើរតួនាទីពង្រឹងផ្នែកសេដ្ឋកិច្ចការ នាំចេញនាំចូលនូវទំនិញគ្រប់ប្រភេទជាពិសេសជួយទ្រទ្រង់ដល់អាជីវករពាណិជ្ជករនិងឧស្សាហករឲ្យមកដល់ពេលនេះអាជីវករពាណិជ្ជកកម្មបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៦នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១។
ឯកឧត្ដម គឹម សុខសីហា បានមានប្រសាសន៍ថា ដើម្បីឲ្យមាននូវតម្លាភាពយុត្តិធម៌ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី អាណត្តិទី៣ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការ ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករពាណិជ្ជករចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៦នាក់ ហើយការបោះឆ្នោត ដោយសម្ងាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ឯកឧត្តម បានបន្តថា ដោយពិនិត្យឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ ភាពលេចធ្លោខ្លាំងផ្នែកសេដ្ឋកិច្ច មានការរីកចម្រើនគួរឲ្យកត់សម្គាល់ថា ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ នៃច្រកទ្វារអន្តរជាតិបាននាំទំនិញចេញចូលធ្វើឲ្យខេត្តបន្ទាយមានជ័យ មានសេដ្ឋកិច្ចកើនឡើងដូចនេះសមាជិកសភាពាណិជ្ជកម្មថ្មី មានតួនាទីសំខាន់នោះ គឺត្រូវខិតខំ បំពេញភារៈកិច្ចរបស់ខ្លួនឲ្យទទួលបាននូវភាពជោគជ័យព្រោះថាមានអាជីវករពាណិជ្ជករជាច្រើនបាន និងកំពុងចូលរួមបោះឆ្នោតមានទំនុកចិត្តជឿជាក់និងទុកចិត្តបាន ៕