ខេត្តកណ្តាល៖លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ នៅកីឡ្ឋាដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា៖ រយៈពេល៤៤ឆ្នាំនេះ កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីធ្វើឱ្យមតិជាតិ និងអន្ដរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាតិ គឺជាស្នាដៃដឹកនាំប្រកបដោយកបណ្ឌិត និងភាពឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម នាយុគសម័យថ្មីនេះ ។
លោកបន្តថា៖ដោយឡែកចំពោះវិស័យកីឡាវិញ កម្ពុជាបានទទួលកិត្តិយសជាបន្តបន្ទាប់ក្នុងការប្រកួតកីឡាប៉េតង់ សហព័ន្ធកីឡាប៊ូល ជាដើម ។ បច្ចុប្បន្ន ប្រជាជនទាំងចាស់ ទាំងក្មេងបាន និងកំពុងចាប់អារម្មណ៍លើសកម្មភាពហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពផ្ទាល់ ឯយុវជនវិញបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡា ពិសេសថ្មីៗនេះ ដោយភាព ឈ្លាសវៃរបស់ សម្តេចតេជោ ក្នុងវិស័យនយោបាយការទូត ពហុកីឡដ្ឋានដ៏ទំនើប ទាន់សម័យថ្មីមួយ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់អន្តរជាតិ គ្រប់ប្រភេទកីឡា គឺ ពហុកីឡដ្ឋាន មរតកតេជោ ជាជំនួយរបស់មិត្តចិន ។
លោកបន្ថែមថា៖ទន្ទឹមនេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន បានឆក់យកបេះដូងអន្តរជាតិ ទាំងក្នុងតំបន់ និងលើសកលលោកឲ្យទទួលស្គាល់ថា កម្ពុជា រស់ក្រោមដំបូលសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ។ ដោយឡែកខេត្តកណ្ដាល វិស័យកីឡាត្រូវបានយកចិត្តទុកដាក់ជំរុញឱ្យមានការប្រកួតពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្ត យើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា បាល់ទាត់យុវជន បាល់ទាត់នារី ជ្រើសរើសជើងឯកខេត្ត ជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញឱ្យឃើញនូវការគាំទ្រវិស័យកីឡា ពីសំណាក់ប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសក្រុមយុវជនក្មេងៗ ដូចជាថ្ងៃនេះយើងទាំងអស់គ្នារៀបចំការប្រកួតកីឡានេះ គឺដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ៕