ខេត្តប៉ៃលិន៖នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារទាំងបួន នៃអនុគណៈកម្មការ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ។
ក្នុងនោះពិធីប្រកាសនេះឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិបានរំឮកឡើងវិញ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និង បង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបសប្រជាជន កម្ពុជាក៏ដូចខេត្តប៉ៃលិន ដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ។ ការបញ្ចប់ដោយជោគជ័យដោយ សន្តិវិធីចំពោះសង្គ្រាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។
រដ្ឋលេខាធិការក្រសួងកាពារជាតិ បានបន្តទៀតថា ជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។
នៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន ធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ឯកឧត្តម អ៊ី ឈាន បានគូសបញ្ជាក់ថា សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន នេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រ រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា៕