ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មពួក អមដំណើរដោយលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារជួសជុលផ្លូវលំក្នុងភូមិ នៅមូលដ្ឋានឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីក្រាលគ្រួសក្រហម និងកាយប្រឡាយរំដោះទឹកអមសងខាងផ្លូវដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងារមិនទុកបញ្ហាចោលនោះទេយើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាព ស្ថានភាពជាក់ស្តែង។ទោះបីកន្លែងខ្លះមិនទាន់បានឆ្លើយតបបានភ្លាម សូមការយោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារជំនាញយើងនឹងបន្តទៅនាពេលខាងមុខ។
សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ហើយក្នុងឆ្នាំ២០២៣នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/សង្កាត់នឹងស្ថាបនាជាផ្លូវបេតុងវែងខ្លីរាប់រយខ្សែ តាមបណ្តាភូមិ ឃុំដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕