(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បាន
អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកមកពីគណបក្សផ្សេងៗនៅក្នុងស្រុកភ្នំស្រុក ដែលចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន១០៣៤នាក់។
ពិធីនេះបានធ្វើឡើងនៅភោជនីយ៍ដា្ឋនលីក្រុះ ស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារចុះជួយស្រុកភ្នំស្រុក ប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាស្រុក សមាជិក –សមាជិកា បក្សនៅមូលដ្ឋាន ផងដែរ។
នាឱកាសនោះតំណាងសមាជិកទាំង១០៣៤នាក់ ដែលស្ម័គ្រចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ដោយបានមើលឃើញយ៉ាងច្បាស់ នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យមានការរីកចំរើន ប្រែប្រួលឆាប់រហ័ស គួជាទីមោទន:ភាពក្រៃលែង។ ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេជារៀងរហូត។
ថ្លែងនាឱកាសនោះ លោក បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តរួមរស់ជីវភាពរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោក បានរំលឹកពីប្រវិត្តការតស៊ូរបស់កម្ពុជា ដែលបានហែលឆ្លងកាត់សង្រ្គាមរ៊ាំរៃការកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវព្រៃជាទីបំផុត។ លោ បោន ប៊ិន បានបញ្ជាក់ថា ដោយមានស្មារតីជ័យជម្នះ៧ មករា គឺជាការផ្តល់កំណើតទី២ របស់ប្រជាជនកម្ពុជា បានធ្វើឱ្យបងប្អូនមានឱកាសជួបជុំបងប្អូន យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានតស៊ូរំដោះជាតិ មាតុភូមិ ចេញពីរបបដ៏ខ្មៅងងឹត ជូនប្រជាជនកម្ពុជា ដែលចងចាំមិនភ្លេចនូវសោក នាដកម្មដ៏សាហាវព្រៃផ្សៃ ។ ចំណុចទាំងអស់នេះហើយបើគ្មានសុខសន្តិភាពនោះទេពិតណាស់របបដ៏ខ្មៅងងឹតក៏មិនអាចរលត់ទៅវិញនោះ ដែរ។
សូមបញ្ជាក់ផងដែរថា សមាជិក–សមាជិកា ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំង១០៣៤នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម, សារ៉ុង០១ រួមនឹងថវិកាចំនួន២ម៉ឺនរៀល។ ក្រុមការងារមូលដ្ឋានស្រុកចំនួន ២៦ នាក់ក្នុងម្នាក់ទទួលបាន សារ៉ុង០១,ទឹកក្រូច០១យួរ, មី០១ កេស,ថវិកាចំនួន៤ម៉ឺន រៀល។ ដោយឡែកក្រុមការងារមូលដ្ឋានឃុំ–ភូមិចំនួន ៧១នាក់ក្នុងម្នាក់ទទួលបាន ទឹកភេសជ្ជះប៉ូវកម្លាំងចំនួន០១កេស,សារ៉ុង០១,ទឹកក្រូច០១យួរ, មី០១កេស, ថវិកា៤ម៉ឺន រៀលផងដែរ៕