(ភ្នំពេញ):សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីនេះ បានធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
នាឱកាសនោះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបានជាង ៩០ភាគរយហើយនោះ។ជាងនេះទៅទៀតសម្តេចតេជោក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។សម្តេចតេជោក៏សុំអោយតុលាការកុំពូកែតែរឿងចាប់ចងខ្លាំងពេក។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចតេជោបានណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដែលគេចាប់ខ្លួន តើរឿងពិត ឬបែបណា? សម្តេចតេជោ ក៏បានណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការពេក។ សម្តេចតេជោបញ្ជាក់ថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានដោយយុត្តិធម៌៕