ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០២២ ក្រោយពីឆែកមើលកាំមេរ៉ាសុវត្ថិភាពច្បាស់ដូចថ្ងៃ នូវសកម្មភាពចូលលួចយកដែកបំពង់ទីបខ្នាតធំ(ដែកសម្រាប់ធ្វើរបាំងពុះចែកទ្រូងផ្លូវ)ជាច្រើនដើមរបស់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ នៅចំណុចភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងប្ញស្សី។
ជនសង្ស័យមានឈ្មោះ ពៅ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅចំណុចកើតហេតុនេះ ។បើតាមររបាយការណ៍ជនសង្ស័យម្នាក់នេះ បានធ្វើសកម្មភាពលួចយកដែកបំពង់ទីបនេះ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៥ ខែធ្នូ ខណៈដែលដែកទីបនោះត្រូវក្រុមហ៊ុនយកទៅផ្ញើទុកបណ្ដោះអាសន្ននៅក្បែរផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងភូមិខាងលើ ។ រាល់សកម្មភាពប្រព្រឹត្តអំពើចោររូបនេះ បានជាប់យ៉ាងច្បាស់នៅក្នុងកាំមេរ៉ាសុវត្ថិភាព ទើបសមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញាបាន និងតាមឃាត់ខ្លួនជនដៃដល់តែម្ដង។នៅក្នុងកាំមេរ៉ាសុវត្ថិភាព គេឃើញជនដៃដល់ឈ្មោះ ពៅ ចំរើន បានដើរចូលទៅលួចលីដែកទីបនោះ ចេញពីកន្លែងដែលគេគរទុកនៅក្នុងបរិវេណផ្ទះយ៉ាងគគ្លើនក្រោមពន្លឺភ្លើងហ្វាភ្លឺចាំងចិញ្ចាចមើលឃើញយ៉ាងច្បាស់ក្រឡែតពីសកម្មភាពលោកចោរ។
បើតាមតំណាងក្រុមហ៊ុនសាងសង់ផ្លួវជាតិលេខ៥ នៅទីនោះបានប្រាប់សមត្ថកិច្ចថា ដែកទីបនោះត្រូវជនសង្ស័យខាងលើលួចយកអស់ចំនួន១១ដើម ។ ក្នុងមួយដើមប្រវែង០២ម៉ែត្រ និងមានតំលៃ៥៥ដុល្លារជាដែកទីបខ្នាតធំសម្រាប់ធ្វើរបាំងចែកផ្លូវជាតិលេខ៥។ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា សកម្មភាពលួចរបស់ជនសង្ស័យ ត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ហើយក្រោយពីពិនិត្យឃើញ ទើបដាក់បណ្ដឹងទៅសមត្ថកិច្ច រហូតត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនជនដៃដល់តែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកដែកទីបរបស់ក្រុមហ៊ុនខាងលើមែន ពេលត្រូវបានឃាត់ខ្លួនយកទៅសួរនាំ។ វត្ថុតាង(ដែកទីប)ចំនួន១១ដើម ក៏ត្រូវបានដកហូតផងដែរ។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ៕