ខេត្តកណ្តាល៖បើទោះបីជាអាជ្ញាធរឃុំ អាជ្ញាធរស្រុក ព្យាយាមដោះស្រាយជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ នៅតែមិនអាចដោះស្រាយសម្របសម្រួលបាន ទើបអាជ្ញាធរស្រុកបញ្ជូនករណីវិវាងរវាងបងប្អូនចិញ្ចឹមទៅរដ្ឋបាលខេត្តកណ្តាលដោះស្រាយបន្ត ដើម្បីអាចបញ្ចប់វិវាទនេះ។
វិវាទបងប្អូនចិញ្ចឹមរស់នៅជាមួយគ្នានេះ ត្រូវបានលោកស្រី ប្រាំង សារ៉េន (ហៅ កង សារ៉េន) អាយុ៥៩ឆ្នាំ រស់នៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា លោកស្រីបានរស់នៅជាមួយលោកយាយ ប្រាំង យិន តាំងពីឆ្នាំ១៩៨៣ ដែលមានលោកស្រី ប្រាំង ចំរើន អាយុជាង៦០ឆ្នាំ និងឈ្មោះ ជ័យ រដ្ឋា ជាកូនរបស់លោកស្រី ប្រាំង ចំរើន។ ក្រោយមកនៅក្នុងឆ្នាំ១៩៨៥–១៩៨៦ រដ្ឋអំណាច ដែលមានលោកតា យឹម យ៉ន អាយុ៨២ឆ្នាំ ជាប្រធានក្រុមទី៧ ដែលមានសមាជិកក្រុមចំនួន១២គ្រួសារ បានធ្វើការចែកដីមួយកន្លែងនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅឲ្យគ្រួសារលោកយាយ ប្រាំង យិន ដែលមានសមាជិកបួននាក់នៅក្នុងគ្រួសារ ដោយទទួលបានចំណែកស្មើៗគ្នា ដោយឈ្មោះ ប្រាំង យិន ,ប្រាំង សារ៉េន, ប្រាំង ចំរើន និង ឈ្មោះ ជ័យ រដ្ឋា ជាកូនរបស់លោកស្រី ប្រាំង ចំរើន ក៏មានចំណែកនៅក្នុងនោះដែរ។ ហើយការរស់នៅជុំគ្នានោះក៏មានសៀវភៅគ្រួសារជាមួយគ្នាផងដែរ។
សូមរំលឹកបន្ថែមថា កាលពីលោកយាយ ប្រាំង យិន នៅមានព្រះជន្ម គឺលោកយាយបានលក់ដីមួយកន្លែងដែរ ហើយបានធ្វើការបែងចែកជាបួនចំណែក ក្នុងនោះក៏មានចំណែករបស់លោកស្រី ប្រាំង សារ៉េន ឬ កង សារ៉េន ផងដែរ។ហើយនៅក្នុងឆ្នាំ២០១៦ លោកស្រី ប្រាំង សារ៉េន ក៏បានប្តឹងទាមទារដីដែលជាចំណែករបស់ខ្លួនដែរ តែលោកស្រី ប្រាំង ចំរើន មិនព្រមប្រគល់ឲ្យមកលោកស្រីទេ។
ក្រោយមកនៅក្នុងឆ្នាំ២០២០ លោកយាយ ប្រាំង យិន បានធ្វើមរណៈកាលទៅ លោកស្រី ប្រាំង សារ៉េន ឬ កង សារ៉េន ក៏បានធ្វើការប្តឹងបន្តទៀតទៅសាលាឃុំ តាំងពីលោក ស៊ុន សំបូរ នៅជាមេឃុំ ហើយសម្របសម្រួលមិនបាន ឃុំក៏បានបញ្ជូនករណីវិវាទទៅសាលាស្រុកខ្សាច់កណ្តាលតាំងពីលោក ប៊ុន ផេង នៅជាអភិបាលស្រុក ហើយក៏មានលិខិតកោះអញ្ជើញភាគីទាំងពីរដោះស្រាយសម្របសម្រួលចំនួន៣លើកមកហើយ ដោយលើកទី១នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលរបស់លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក លើកទី២នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលរបស់លោក អែតដា ដូរ៉ាមី ហើយលើកទី៣ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការសម្របសម្រួល ដោយលោក ហ៊ុន សុខគីម អនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន នៅតែមិនអាចសម្របសម្រួល រវាងភាគីទាំងពីរនេះបាន ទើបរដ្ឋបាលស្រុកបានបញ្ជូនករណីនេះទៅរដ្ឋបាលខេត្តធ្វើការដោះស្រាយសម្របសម្រួល និងសម្រេចលើករណីនេះ។
សូមបញ្ជាក់ថា ចំពោះវិវាទរវាងបងប្អូនចិញ្ចឹមនេះ មានសាក្សីជាច្រើនបានបញ្ជាក់ថា លោកស្រី ប្រាំង សារ៉េន ឬ កង សារ៉េន គឺពិតជាមានដីមួយចំណែក ក្នុងបួនចំណែកនេះពិតប្រាកដមែន និងមានការបញ្ជាក់ថា លោកស្រី ប្រាំង សារ៉េន ពិតជាបានរស់នៅជាមួយលោកយាយ ប្រាំង យិន ពិតប្រាកដមែន។
សាក្សីដែលបានបញ្ជាក់ថា លោកស្រី ប្រាំង សារ៉េន មានដីនោះគឺមាន ១.លោកតា យឹម យ៉ន អាយុ៨២ឆ្នាំ ជាអតីតប្រធានក្រុម ទី២.លោកស្រី នីន រុំ, ទី៣ លោកស្រី ញឹល សុខហេង ទី៤ លោក ភិន កឿន, ទី៥ លោកស្រី នៅ ឃី,ទី៦ លោក ប៉ុន ខុន,ទី៧ លោកស្រី មិ ពៅ,ទី៨ លោកស្រី ប្រុស តូ,ទី៩ លោកស្រី កៅ ថន គាត់ទាំងអស់គ្នាសុទ្ធតែជាកូនក្រុមនៅក្នុងក្រុមទី៧។ ចំណែកការដែលបញ្ចាក់ថា លោកស្រី ប្រាំង សារ៉េន ឬ កង សារ៉េន ពិតជាបានរស់នៅជាមួយលោកយាយ ប្រាំង យិន គឺមានលោក រស់ តារា មេភូមិលើ និង លោក ប៊ុន បាន មេឃុំស្វាយជ្រំ ក៏បានបានបញ្ជាក់ផងដែរ។
ចំពោះករណីនេះលោកស្រី ប្រាំង សារ៉េន ព្រមទាំងក្រុមគ្រួសារក៏បានស្នើសុំទៅឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយដោះស្រាយសម្របសម្រួលដើម្បីឲ្យរូបលោកស្រីបានគ្រប់គ្រងអាស្រ័យផលលើដីរបស់លោកស្រីផង។
ក្នុងករណីនេះមានការលើកឡើងថាគឺជាសមត្ថកិច្ចរបស់រដ្ឋបាលខេត្តជាអ្នកដោះស្រាយ ហើយពិតជាអាចដោះស្រាយបាន ព្រោះដីនេះគឺជាដីមិនទាន់មានប័ណ្ណ បើទោះជាភាគីទាំងពីរ ឬភាគីណាមួយប្តឹងករណីនេះទៅតុលាការ ក៏តុលាការបង្វិលករណីនេះជូនខេត្តដើម្បីធ្វើការដោះស្រាយវិញដដែលនោះទេ។
ចំពោះករណីនេះបើតាមប្រភពផ្សេងទៀតបានឲ្យដឹងថា ការដែលភាគីលោកស្រី ប្រាំង ចំរើន មិន ព្រមប្រគល់ដីឲ្យលោកស្រី ប្រាំង សារ៉េន ជាប្អូនចិញ្ចឹម និងមិនព្រមស្តាប់ការសម្របសម្រួលរបស់អាជ្ញាធរឃុំ ស្រុក គឺដោយសារមានអ្នកមានខ្សែបណ្តាញ នៅសាលាខេត្ត និងនៅតុលាការទើបពួកគេមិនខ្វល់ពីការដោះស្រាយសម្របសម្រួលកន្លងមក។ ចំពោះប្រភពថាមានអ្នកនៅពីក្រោយនេះភ្នាក់ងាររបស់យើងនៅទាន់ដឹងជាអ្នកណា ហើយមានតួនាទីអ្វីនោះ? ហើយភ្នាក់ងាររបស់យើងនឹងរងចាំតាមដានបន្ត និងរងចាំការបំភ្លឺពីអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕