ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១៣និង៤៧នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៤និង៤០នាទី ថ្ងៃខែខាងលើ នៅចំណុចមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ លេង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ នង សុវណ្ណដង់ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលថ្ងៃទី២១ ខែធ្នូ ជនសង្ស័យ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ពេលនោះជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឆោឡោ ប្រាប់សន្តិសុខធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ នឹងបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ហើយកន្លងមកខ្លួនធ្លាប់បានលួចទូរស័ព្ទ លួចសម្ភារៈ និងលួចគាស់ផ្ទះជាច្រើនដងទៀតផង ។ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង ទើបកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសុំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕