ខេត្តបន្ទាយមានជ័យ៖ផ្ទះថ្មីមួយខ្នងមានទំហំបណ្ដោយ ៧ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបស៊ីម៉ង់ផ្ទាល់ដីនិងបង្គន់មួយ សរុបថវិកាអស់ចំនួន ២,៦៥៣ដុល្លារ ក្រោមជំនួយឧបត្ថម្ភថវិកាពីរសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីប្រគល់ជូនលោក ស៊ុត សុភី អាយុ ៥៥ឆ្នាំ នៅភូមិកណ្ដាល ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ រស់នៅក្នុងសភាពក្រីក្រ មិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើការស៊ីឈ្នួលគេបន្តិចបន្តួច ធ្វើកម្មករ មានសមាជិកគ្រួសារស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងបន្ទុកចំនួន ៣នាក់ ស្រី ២នាក់ ក្នុងនោះប្រពន្ធក៏មានជំងឺប្រចាំកាយថែមទៀត “សរសៃប្រាសាទ“។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទិសទីហើយមិនបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា ក្រោយពីរមន្ត្រីនៃសាខាកាកបាទក្រហមខេត្តបានធ្វើការចុះ ប៉ាន់ប្រមាណរួចមក យើងពិនិត្យឃើញថាគ្រួសារនេះ មានលក្ខណៈសម្បត្តិ តាមលក្ខណៈសាខាកំណត់គឺជាគ្រួសារក្រីក្រ គ្មានផ្ទះសម្បែងសមរម្យ ទើបសាខាកាកបាទក្រហមធ្វើការសម្រេចសាងសង់ផ្ទះជូន។ ហើយផ្ទះថ្មីនេះគឺជាផ្ទះមនុស្សធម៌ទី៩ មានលក្ខណៈសមរម្យ រឹងមាំអាចកាត់បន្ថយភាពងាយរងគ្រោះ បានមួយកំរិតក្នុងការស្នាក់នៅប្រចាំថ្ងៃ និងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រខ្វះជម្រកស្នាក់នៅនេះ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ ក្រៅពីប្រគល់ផ្ទះក៏មានអំណោយបន្ថែមរួមមាន អង្ករ ៥០គីឡូក្រាម ,ត្រីខ ១យួរ ,មី ១កេសតូច ,ទឹកត្រី ១យួរ ,មុង១ , ភួយ១ ,សារុង១ ,ក្រមា១ ,អាវយឺត២ ,ធុងទឹក ៦០លីត្រមួយ ,ឆ្នាំង ២ ,ចាន ៥ ,ស្លាបព្រា ៥ ,កន្ទេលជ័រ១ និងថវិកាមួយចំនួន។ ឌោយឡែកលោកតា លោកយាយប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបានសារុង ក្រមានិងអាវយឺត ផងដែរ៕