(ភ្នំពេញ)៖១នាក់ស្លាប់ និង១នាក់ទៀតរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ រីឯមធ្យោបាយខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សរពាក់ស្លាកលេខ ភ្នំពេញ1HX 2241បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ភ្លាមៗនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTA ព្រូសពណ៌សរពាក់ស្លាកលេខ ភ្នំពេញ2 BC 2373 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុខាងលើទិសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាមួយនិងម៉ូតូលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តកំពុងតែបត់ឆ្លងផ្លូវក៏ត្រូវបានបុកជាមួយនិងម៉ូតូពេញទំហឹងបណ្តាលយុវជន២នាក់ជិះលើម៉ូតូផ្លោងជាច្រើនម៉ែត្រនិងម៉ូតូបានខ្ចាត់ទើលើរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពីកើតហេតុរថយន្តសាមុយបានដឹកយកទៅសង្គ្រោះ ដោយសាររបួសយុវជនម្នាក់ធ្ងន់ធ្ងពេកក៏ត្រូវបានស្លាប់បាត់បង់ជីវិត និងយុវជនម្នាក់ក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះនៅឯមន្ទីពេទ្យ យុវជនម្នាក់ដែលបានស្លាប់ខាងលើមិនទាន់បានទទួលបានអត្តសញ្ញាណនៅឡើយទេ ចំណែឯអ្នកបើកបររថយន្តបានចាកចេញពីទីតាំងកើតហេតុបាត់ស្រមោស។
ក្រោយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះវាស់វែងរួចយកទៅរក្សាទុក រង់ចាំការដោះស្រាយជាក្រោយ រីឯសពយុវជនដែលបានស្លាប់ខាងលើ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕