ខេត្តព្រៃវែង៖ ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុក នៅសាលាស្រុកមេសាងខេត្តព្រៃវែង ។ ពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី លោកអភិបាលស្រុក លោក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក . ឃុំ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ ។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៥៦៦៦ប្រកចុះថ្ងៃទី១៩ខែតុលាឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចលោកស្រី អូន សូនឿន ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ១ពីអភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្របែកទៅជាអភិបាលរងនៃគណៈអភិបាលស្រុកមេសាង។
ប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៦៦៣១ប្រកចុះថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២ត្រូវបានតែងតាំង១/ លោក ជឹម សំណាង ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ជាអភិបាលរង ២/ លោក ឡឹក សុខន ឋានន្តរស័ក្តិអនុមន្ត្រីថា្នក់លេខ១ជាអភិបាលរង ៣/ លោក ឈឿង សារ៉ាន់ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ជាអភិបាលរងនៃគណៈអភិបាលស្រុកមេសាង ខេត្តព្រៃវែង ។
នៅក្នុងឱកាសនោះ ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកមេសាង ក៏ដូចជាមន្ត្រីរាជការទាំងអស់ដែលនាពេលកន្លងមកបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ចបានល្អប្រសើរជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងទៅនិងជម្ងឺកូវីដ១៩។
ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងនូវសមិទ្ធផលថ្មីៗដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ការប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការរាតត្បាតជំងឺកូវីដ ១៩ ការរក្សានូវសន្តិភាព ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារបានយ៉ាងគត់មត់នូវបូរណភាពទឹកដី ។
ឯកឧត្តម សំ ប៊ុណ្ណារិន ក៏បានណែនាំដល់លោក លោកស្រីជាអភិបាលរង ដែលទើបប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពគោលការណ៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់ល្អប្រសើរបន្ថែមទៀត៕