ខេត្តសៀមរាប៖ថ្លែងក្នុងជំនួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មាន៦ទីតាំងកម្សាន្ត មាន៤៤ កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង។
ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក ដែលជាការផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និងបន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរៀបចំ អង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះ ក៏ជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ពីអន្តរជាតិ ទៅលើវិញ្ញាសារ (អន្សមយក្ស ,ការរាំចង្វាក់ម៉ានីហ្សូន , ក្រម៉ា ដែលវែងជាងគេ , ចាប៉ីដងវែង )។សមទ្ធិផលទាំងនេះជាការបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបថនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។
ក្នុងជំនួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តនេះដែលឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានលើកឡើងបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ( ក្តីស្រមៃ និងក្តីសង្ឃឹម ) អាជ្ញាធរខេត្តនាពេលនេះ បានពិនិត្យទៅលើរាល់ គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត ព.ស២៥៦៦.២៥៦៧គ.ស ២០២៣ឲ្យដំណើរការទៅទទួលដោយជោគជ័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។
ក្នុងនោះឯកឧត្តម អភិបាលខេត្តក៏បានសង្កត់ធ្ងន់ដោយមន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជនត្រូវពង្រឹងលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ បញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និងទីចំណតរថយន្តគ្រប់ប្រភេទនៅតំបន់ប្រារព្ធពិធី ទៀតផង៕