រាជធានីភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរទិវាជាតិ១២ធ្នូប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានមានប្រសាសន៍ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ ស្ថានភាព នៃអំពើជួញដូរមនុស្ស មានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ នៅពេលដែលស្ថានភាពទូទៅ បានរៀបរយល្អប្រសើរហើយចំពោះសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បែរជាកើតមានបទល្មើសថ្មី លើទឹកដីកម្ពុជា ដែលបង្កឡើងដោយឧក្រឹដ្ឋជនមួយចំនួន សម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាសដ៏ល្អ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ឱ្យ សម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍន៍ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗ ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ជាដើម និង បណ្តាខេត្តមួយចំនួនទៀត ទៅធ្វើសកម្មភាពឧក្រិដ្ឋប្រឆាំងនឹងសិទ្ធិមនុស្ស ។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គិតចាប់ពីថ្ងៃ ទី១៨ ខែសីហា មកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះ សុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ គ.ជ.ប.ជ បានរកឃើញមនុស្សចំនួន ១១២២នាក់ ស្រី ១២១នាក់ ហើយ តែក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ ១៥៣នាក់ ស្រី១៨នាក់ មាន៦សញ្ជាតិ និងដោយអំពើ ចំណែកជនក្រៅពីនេះ បានបដិសេធថាខ្លួន មិនបានទទួលភាពរងគ្រោះទេ និងមានបំណងចង់ប្តូរទៅទីតាំងការងារថ្មីដែលមានប្រាក់ខែខ្ពស់ជាងនេះ ឬថា គ្រាន់តែជាការបារម្ភ របស់ក្រុមគ្រួសារតែប៉ុណ្ណោះ។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.ប.ជ មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលមានឱកាសអាចរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្សក្រោមប្រធានបទ រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកប ដោយចីរភាព ដែលស្របទៅទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យក្នុងរយៈពេលវែង។ សម្ដេចបន្តថា គ.ជ.ប.ជ តែងប្រារព្ធរៀបចំកម្មវិធីទិវាជាតិនេះជារៀងរាល់ឆ្នាំយ៉ាងអធិកអធម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងតាមបណ្តាសាលារៀនគ្រប់ច្រកល្ហក នៅទូទាំងប្រទេស ដែលមានអ្នកចូលរួម រហូតដល់រាប់សែននាក់។
សម្ដេចមានប្រសាសន៍ថា ចរន្តនៃការវិលត្រឡប់មកវិញដោយឥតគ្រោងទុករបស់ពលករកម្ពុជា ពីប្រទេសគោលដៅ ក្នុងអំឡុងកូវីដ-១៩ ជាពិសេស ក្នុងឆ្នាំ២០២០ និង២០២១ បានកើនរហូតដល់ជាង ៣០ម៉ឺននាក់ និងថាក្នុងដំណាក់កាលនេះហើយដែលការគ្រប់គ្រងព្រំដែន មានភាពប្រឈម ស្មុគស្មាញ ដោយចំនួននៃពលករ វិលត្រឡប់ កើនឡើងយ៉ាងគំហុក ជារៀងរាល់ថ្ងៃ ក្នុងនោះជនទេសន្តរប្រវេសន៍បរទេសខុសច្បាប់ជាច្រើន មានឱកាស បន្លំខ្លួន ចូលមកកម្ពុជា ដោយខុសច្បាប់ និងបានសម្ងំលាក់ខ្លួន ធ្វើការងារជាមួយនិយោជក ទុច្ចរិតមួយចំនួន ដែលបង្កើតបានជាបទល្មើសយ៉ាងអាណាធិបតេយ្យ លើទឹកដីកម្ពុជា។
សម្ដេចបន្ថែមថា ស្ថិតក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ បានដាក់ចេញនូវវិធានការប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀត យ៉ាងសកម្ម តាមវិធានការច្បាប់ រហូតធ្វើឲ្យកម្ពុជា វិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញ នៅទូទាំងផ្ទៃប្រទេស និងថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រឹដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។
សម្ដេចបន្ថែមថា«កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការរៀបចំ អនុម័ត អនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលហៅកាត់ថា GCM រហូតត្រូវ បានការទទួលស្គាល់ពីអង្គការសហប្រជាជាតិផ្នែកទេសន្តរប្រវេសន៍ ថាជា «ប្រទេស ជ័យលាភី នៃគំនិតផ្តួចផ្តើម របស់កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍» ក្នុងការប្តេជ្ញាចិត្តខ្ពស់ ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្តរប្រវេសន៍ និងការពារពួកគេពីភាពរងគ្រោះ ដោយការរំលោភបំពាន និងកេងប្រវ័ញ្ច គ្រប់រូបភាព»៕