ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្តាល បានផ្តាំផ្ញើដល់ មន្ត្រីដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ចំនួន ១៣រូប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ចដើម្បីឆ្លើយតបបានទៅនឹងទំហំការងារដែលខ្លួនទទួលខុសត្រូវ ប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់។

 

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពការងារតាមទីចាត់ការ អង្គភាពនានា និងការិយាល័យជំនាញឱ្យបានច្បាស់លាស់ ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយតាមទៅតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងគោលបំណង គោលដៅយុទ្ធសាស្ត្រ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបគិតបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស គឺការគោរពប្រតិបត្តិតាមអភិក្រមរបស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដែលរួមមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់»។

 

ក្នុងកិច្ចប្រជុំនេះក្រៅពីបានពិនិត្យ និងពិភាក្សាលើ របៀបវារៈរួមមក ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការ កោតសរសើរដល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញមុខងារ ភារកិច្ច ក្នុងការផ្តល់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងរយៈកាលកន្លងមកនេះ ពិសេសគឺការិយាល័យច្រកចេញចូលតែមួយ ដែលតែងតែខិតខំក្នុងការផ្តល់សេវានានាដែលប្រជាពលរដ្ឋត្រូវការ មិនដែលធ្វើឱ្យប្រជាពលរដ្ឋមានការខកចិត្តឡើយ។

 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលក៏បានជម្រុញ គាំទ្រ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជូនពួកគាត់ កុំឱ្យមានការយឺតយ៉ាវឱ្យសោះ ពោលគឺយើងមិនត្រូវទុកឱ្យរាល់ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍ ៕

Leave a Reply

Your email address will not be published.