បាត់ដំបង៖ករណីផ្ទុះអាវុធចំនួន១២គ្រាប់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នំា២០២២ ត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ក្បែរវេទិកាអុំទូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់។ ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុមានក្រុមយុវជនចំនួនពីរក្រុម បានបើករថយន្តមកឈប់ជិតក្រុមយុវជនមួយក្រុម ទៀតរួចបានបើកចុចបើកកញ្ចក់បង្អួចហើយជជែកគ្នាបានបន្តិច ស្រាប់តែបានទាញកាំភ្លើងខ្លីបាញ់តម្រង់ទៅលើភាគីម្ខាងទៀត បណ្តាលឱ្យមានមនុស្សម្នាក់របួសស្នាមហូរឈាមដាបលើថ្នល់។
ករណីនេះ ក្រៅពីរងរបួសដល់មនុស្សគេឃើញមានគ្រាប់កាំភ្លើងបានទៅត្រូវដើមឈើចំនួនពីរគ្រាប់និងបង់អង្គុយចំនួនពីរគ្រាប់ផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទៅពិនិត្យនៅលើទីតាំងជាក់ស្តែងប្រមូលបានសម្បកគ្រាប់ចំនួន ១២គ្រាប់នៅលើដី។ ជុំវិញករណីនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ៕