ព័ត៌មានជាតិ

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង

រាជធានីភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នៅសួនច្បារ មុខវត្តបុទមវតី រាជធានីភ្នំពេញ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឈានទៅកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានោះដែរ តំណាងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានឡើងថ្លែងជូនសម្ដេច និងអង្គពិធីអំពីបទពិសោធន៍ជួបគ្រោះថ្នាក់ចរាចរណ៍ ពិសេសផលលំបាកដែលបន្សល់ទុករហូតដល់បច្ចុប្បន្ន។

 

អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយសាច់ញាតិទាំងឡាយដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារការរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កន្លងមក និងបួងសួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព។ សម្ដេចក៏បានផ្ញើសារសួរសុខទុក្ខជនរងគ្រោះដែលរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងបួងសួងឱ្យឆាប់បានជាសះស្បើយ។

 

សម្ដេចក្រឡាហោម មានប្រសាសន៍ថារាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាត់តាំងរៀបចំប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០០៦ នៅតាមភូមិសាស្រ្តមានយានយន្តធ្វើចរាចរណ៍ច្រើន និងមានជនរងគ្រោះច្រើនទាំងបណ្ដាខេត្ត និងរាជធានី និងថាការប្រារព្ធពិធីនេះជាសក្ខីភាពនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមជាមួយចលនាពិភពលោកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចសង្ឃឹមថាតាមរយៈការប្រារព្ធទិវានេះ ប្រជាពលរដ្ឋ ពិសេសអ្នកបញ្ជាយានយន្តទាំងអស់ នឹងកាន់តែមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ អត្រាស្លាប់ និងរងរបួសដោយគ្រោះថ្នាក់លើដងផ្លូវ។

 

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មារតីគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវនៅកម្ពុជា បានប្រែប្រួលជាវិជ្ជមានច្រើន ដោយមានការកាត់បន្ថយអំពើល្មើសជាមធ្យម២ពាន់ករណីក្នុងមួយថ្ងៃកាលពីឆ្នាំ២០២០ មកនៅត្រឹមតែជាមធ្យមប្រមាណ៣០០ករណីក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២២នេះ។ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មគ្រប់បែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។

 

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីស្ថានភាពគ្រោះថ្នាក់ចរារចរណ៍លើផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ដែលទើបនឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូង។ សម្ដេចបន្តថាក្នុងរយៈកាលប្រើប្រាស់កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងបួសធ្ងន់ធ្ងរឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពផ្លូវថ្នល់មួយចំនួនប៉ុណ្ណោះ។ សម្ដេចបន្តថាស្ថានភាពនេះ មានន័យថាវិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស ចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងស្លាកសញ្ញាច្បាស់លាស់ ព្រមទាំងការចរាចរណ៍ដោយគ្មានម៉ូតូ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើន។

 

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីដំណើរការតាក់តែងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។ សម្ដេចបន្ថែមថានៅក្នុងច្បាប់ថ្មីនេះ បានកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងនោះមានដូចជាការតម្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់សុខភាពថាគ្មានសារធាតុញៀនក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើករថយន្ត មិនថារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ។ សម្ដេចបន្ថែមថាការដាក់កាតព្វកិច្ចបែបនេះ នឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារពាក់ព័ន្ធនឹងការបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសាធារធាតុញៀន។

 

សម្ដេចបានមានប្រសាសន៍ទៀតថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលប៉ះពាល់ជាច្រើន ហើយអាចបន្តអូសបន្លាយ និងមានកំណើន ប្រសិនបើគ្មានការចូលរួមអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ និងខ្វះវិធានការទប់ស្កាត់ និងបង្កាគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។ សម្ដេចបន្ថែមថាច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោលថ្មី ដែលកំណត់អំពីការគ្រប់គ្រងសុវត្ថិភាពលើផ្លូវល្បឿនលឿន និងការដាក់កាតព្វកិច្ចនានា រួមទាំងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ ជាកិច្ចការអាទិភាពដែលធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ សម្ដេចថាគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏បានកំណត់យកបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាអាទិភាពដែរ ហើយថាការងារនេះ ទាមទារការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

 

សម្ដេចបានទាញការកត់សម្គាល់ថាជាមធ្យមមានអ្នកស្លាប់៤នាក់ និងរបួស១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លាប់គឺជាអ្នកជិះម៉ូតូ មានដល់៧៩ភាគរយ ក្នុងនោះមាន៧៤ភាគរយមិនពាក់មួកសុវត្ថិភាព។ សម្ដេចបន្តថាមូលហេតុបង្កគ្រោះថ្នាក់ដែលបន្តមានកំណើន រួមមានដូចជាការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងការបើកបរមិនប្រកាន់ស្ដាំ។ សម្ដេចបានលើកឡើងថា មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់សុវត្ថិភាពរួមចំណែកការពារសុវត្ថិភាពខ្ពស់ណាស់នៅពេលជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះអ្នកបើកបរ និងអ្នកដំណើរតាមម៉ូតូ និងរថយន្តទាំងអស់មិនត្រូវប្រមាថ ឬធ្វេសប្រហែសត្រង់ចំណុចនេះឡើយ៕

Leave a Reply

Your email address will not be published.