ព័ត៌មានជាតិ

បុណ្យពុទ្ធាភិ​សេក និងឆ្លងសំណាក់លោកតាក្រហ​ម​ក នៅវត្ត រតនរាម ហៅវត្តផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖រាល់សមិទ្ធផល​ដែលបានក៏កើតឡើង នៅតាមទីវត្តអា​រាមនានា​ក្នុងព្រះរា​ជា​ណាច​ក្រកម្ពុជា គឺអាស្រ័យដោ​យប្រទេសជាតិ​មានសុខសន្តិភាព មានស្ថេរភា​ពនយោ​បាយ​ខឿន​សេដ្ឋកិច្ចរឹង​មាំ។លោក គាត ហ៊ុល អភិបាល​ក្រុងប៉ោយប៉ែត​ថ្លែងបែបនេះក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លង​សំណាក់លោក​តាក្រហមក នៅវត្ត រតនរាម ហៅវត្តផ្សារកណ្ដាល ស្ថិតនៅក្នុង​សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២។

 

ព្រះសិរីរក្ខិតវ​ស្ស តែម ម៉ាច ព្រះគ្រូចៅ​អធិការវត្តផ្សារកណ្ដាលនិ​ងជាទីប្រឹក្សា សម្ដេចព្រះ​មណ​សង្ឃរាជាធិ​បតី កិត្តិឧទ្ទេសបណ្ឌិត ទេពវង្ស ព្រះអង្គ​មានសង្ឃដិកា​បញ្ជាក់ថា សមិទ្ធផល​ទាំងអស់​ដែលបាន​ក៏កើតឡើង គឺជា​សទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទ សប្បុរសជន​ក្នុងក្រៅប្រ​ទេសជា​ពិសេសអស់លោក លោកស្រី អាជីវករ ក្នុងក្រុង​ប៉ោយប៉ែត ដែលបាន​លះបង់កម្លាំងកាយចិត្ត ធនធាន​ថវិកាដើម្បីជួយកសាង រួមមានស​មិទ្ធផលជាច្រើន។

ព្រះតេជគុណមានសង្ឃដិការបន្តថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២២នេះ ត្រូវបាន​ចំណាយ​អស់ថវិកាប្រ​មាណជិត ២០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិច ដោយសមិទ្ធផល​ខ្លះបា​នរួចរា​ល់និង​សមិទ្ធផ​លមួយចំនួន កំពុងសាង​សង់ដូចជា សា​លាពុទ្ធិកសិក្សាជាដើម ម៉្យាងវិញ​ទៀតព្រះ​សង្ឃគង់នៅ​វត្តនេះ​មានចំនួនច្រើនអង្គ កំពុង​សិក្សារៀនសូ​ត្រ ដូច​នេះ​ក្នុង​នាមជាអ្នកគ្រប់គ្រង ត្រូវទទួលរា​ប់រងចំ​ណាយ​ច្រើនក្នុងមួយ​ថ្ងៃៗ ហើយ​ព្រះអង្គ​សូមអំពាវនា​វដល់ប្រជា​ពុទ្ធបរិស័ទជិ​តឆ្ងាយនិង​សប្បុរ​សជន ពិសេ​សអាជីវករក្នុងក្រុងប៉ោ​យប៉ែត ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំ​ងចូលរួម​ជា​សទ្ធាជ្រះថ្លា​ជួយកសាងនៅសាលាពុទ្ធិកសិក្សា ដែលជាសា​លាសម្រាប់​ព្រះ​សង្ឃ​បានរៀ​នសូត្រផងដែរ។

 

នាឱកាសនោះលោក គាត ហ៊ុល អភិបាល​ក្រុងប៉ោយប៉ែត បានសម្តែងការ កោតសសើរ​ចំពោះ ការចូលរួមជា​សទ្ធាជ្រះថ្លាចំ​ពោះបងប្អូនប្រជាពលរដ្ឋ សប្បុរសជនដែល​បានរួមសាមគ្គីគ្នា​ហើយ​ជាការចូ​លរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអ​ភិវឌ្ឍលើគ្រប់វិស័​យមិនថាពុទ្ធ​ចក្រឬអា​ណាចក្រ។ ចុងក្រោ​យលោក គាត ហ៊ុល ក៏បានធ្វើកា​រផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំង​អស់ ត្រូវបន្តការ​ចាក់វ៉ា​ក់សាំង ដូសបន្តបន្ទា​ប់ទៅតាមការណែ​នាំរបស់ក្រសួងសុខាភិបាល ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ នៅតាមម​ណ្ឌលសុខភាពព្រោះថា មេរោគឆ្លងកូវីដ១៩នេះ នៅមិនទា​ន់ទៅណាឆ្ងាយ​ពីយើងនោះទេ ដូចនេះ​សូមធ្វើកា​រប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ទៅតាមការ​ណែនាំរបស់ប្រ​មុខរាជរដ្ឋាភិ​បាលនិងក្រសួងសុខាភិបាល ព្រោះថា បច្ចុប្បន្ន​នេះ​ប្រទេសយើ​ងនៅមាន​អ្នក​ឆ្លងជំងឺកូវីដ១៩​ នៅក្នុង​សហគមន៍មួយចំនួន ប៉ុន្តែវា​ឆ្លង​តិ​ចតួចប៉ុណ្ណោះ​មូល​ហេតុដែល​យើងបាន​ចាក់​វ៉ាក់សាំងការពារ៕

Leave a Reply

Your email address will not be published.