ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំបូកសរុបកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៧–២០២១ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២២–២០២៧ រវាងសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកណ្ដាល ខេត្តតាកែវ និងសម្ព័ន្ធសមាគមនារីវៀតណាមខេត្តអានយ៉ាង នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង បានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហបដិបត្តិការ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើ គ្រប់វិស័យ រឹងមាំយូរអង្វែង” រវាងស្រ្តី និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា–វៀតណាម លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធសមាគនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសម្ព័ន្ធសមាគមនារីវៀតណាម ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីភាពជឿនលឿនរបស់ស្ត្រី និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា អនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៧–២០២១ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកណ្ដាល និងនិងសម្ព័ន្ធសមាគមនារីវៀតណាមខេត្តអានយ៉ាង បានសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមអប់រំ ផ្សព្វផ្សាយ កុំចាញ់ឧបាយកលជូនជួញដូរមនុស្ស ដែលអូសទាញឱ្យឆ្លងដែនខុសច្បាប់ ទន្ទ្រឹមក្នុងនោះផងដែរ សមាគមន៍នារីនៃខេត្តទាំងពីរ បានចូលរួមផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ជាពិសេសស្ត្រី និងកុមារ និងកិច្ចការពារជនរងគ្រោះ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងក្រុងស្រុកទាំង១១ ទូទាំងខេត្តកណ្ដាលផងដែរ៕