ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្ហាញចំណុចជោគជ័យធំៗចំនួន៥ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ

រាជធានីភ្នំពេញ:មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាយប៉ាលើកទី៤៣។

 

មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ គឺ

ចំណុចទី១ មហាសន្និបាតលើកទី៤៣ អាយប៉ា បានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤ ។

ចំណុចទី២ គឺអាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុង និងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍ ។

ចំណុចទី៣ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេច សំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។

ចំណុចទី៤ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាយ៉ាងរឹងមាំ។

ចំណុចទី៥ គឺអាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

 

សម្តេចប្រធានអាយប៉ាលើកទី៤៣ មានក្តីសង្ឃឹមថាមហាគ្រួសារអាយប៉ាទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់និងសកលលោក៕

Leave a Reply

Your email address will not be published.