
ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ខេត្តកណ្តាល៖ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្ដកណ្តាល នាព្រឹកថ្ងៃទី២៤ ខខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈស្នងការ មន្រ្តីនគរបាលគ្រប់ផ្នែក គ្រប់ថ្នាក់ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយមន្រ្តីដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរសក្តិ នាឱកាសនេះ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធរណៈដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។
នាឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមអបអរសាទរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ហើយត្រូវបានទទួលការលើកទឹកចិត្ត តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិ សុខជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក។
ទន្ទឹមនោះឯកឧត្តមក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់ នាយនគរបាល និងពលនគរបាលទាំងអស់ ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឱ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្តចុះបង្ក្រាបបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាពេលនេះ រួមមាន៖ ស្នងការរងចំនួន០៩នាក់ នាយការិយាល័យ០៩នាក់ នាយរងការិយាល័យ៣៣នាក់ និងថ្នាក់អធិការរងចំនួន៤៩នាក់ និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ០៤នាក់ វរសេនីយ៍ឯក ១១នាក់ វរសេនីយ៍ទោ ៦៣នាក់ វរសេនីយ៍ត្រី១៣៤នាក់ អនុសេនីយ៍ឯក២នាក់ និងអនុសេនីយ៍ទោ២នាក់ ៕