ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន រដ្ឋលេខាធិការ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីរអស់លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះគឺមានសារៈសំខាន់ណាស់ សម្រាប់ធ្វើការស្វែងយល់ពីសន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងបានផ្ដល់ចំណេះដឹងថ្មីៗដល់អស់លោក លោកស្រី អំពីការប្រឆាំងភេរវកម្ម ការសំអាតប្រាក់ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដូចនេះនៅលើពិភពលោកនិងមានសន្តិភាព ប្រសិនបើអាវុធមហាប្រល័យទាំងអស់ត្រូវបានហាមឃាត់ទាំងស្រុងនោះ។
ឯកឧត្តមអភិបាលខេត្ត បន្តថា គោលបំណងនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម គឺជាការសម្របសម្រួល នីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការនិងការប្រឆាំងភេរវកម្មរួមទាំងការលាងសំអាតប្រាក់ ហិរញ្ញប្រទានភេវកម្មព្រមទាំង ហិរញ្ញប្បទានដល់ការរីករាលសាយភាយ អាវុធមហាប្រល័យលោក ដែលជាការផ្ដើមគំនិតបង្កើតឡើងដោយ កត្តាមនុស្សមួយចំនួននៅលើពិភពលោកយើងនេះ។
ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានមានប្រសាសន៍និងធ្វើបទបង្ហាញដល់សិក្ខាកាមចូលរួម ស្ដីពីការប្រឆាំងភេរវកម្មដោយមានខ្លឹមសារបញ្ជាក់ថា កម្ពុជាជាភាគីមួយនៃអនុសញ្ញាពិធីសារ ការសម្រេចចិត្តនិងអនុសាសន៍មួយចំនួនទាក់ទងនឹងភេរវកម្មរបស់អង្គការ សហប្រជាជាតិបូករួមនិងច្បាប់ផ្សេងៗទៀតរួមមាន ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ដែលគេនិយមថាការសម្អាតលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលច្បាប់នេះប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស / រកម / ០៦២០ / ០២១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិតបញ្ជាក់ទៀតថា ភេរវកម្មគឺជាបញ្ហាអន្តរជាតិ ដែលតភ្ជាប់ពាសពេញពិភពលោក រួមទាំងនៅក្នុងតំបន់យើងដែរ។ ភេរវកម្មគ្មានព្រំដែនកំណត់នោះទេ ការប្រយុទ្ធ និងអំពើភេរវកម្ម តម្រូវឲ្យមានកិច្ចសហការប្រតិបត្តិការ នឹងការសម្របសម្រួលទាំងថ្នាក់ជាតិ និងអន្តរជាតិ ៕