ខេត្តកណ្ដាល៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្តាល នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាលរង នៃគណ:អភិបាលខេត្តកណ្ដាល បានជំរុញដល់ អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
ក្នុងនោះអភិបាលរងខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ៕