ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៩ នៅសណ្ឋាគារ សុខាភ្នំពេញ

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាច​ក្រ​កម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំកំ​ពូល អា​ស៊ានឥ​ណ្ឌាលើក​ទី១​៩ ដែ​លប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាភ្នំពេញ។

យោងតាមផេកសម្តេចតេជោបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ានឥណ្ឌា។ នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោ​បានមាន​ប្រសាសន៍ថា ក្នុងរយៈពេល ៣ទស្សវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មាន​ការរីក​ចម្រើន​ឥត​ឈ​ប់​ឈរ​ ដែ​ល​បាន​ក្លា​យ​​ជាប៉ូ​ល​សង្គម-​សេដ្ឋកិ​ច្ចសំខាន់ នៅ​លើ​ពិភព​លោក។ ជាមួយនឹងល​ទ្ធផ​លនៃ​ការអភិវឌ្ឍនេះ កិច្ចស​ហប្រតិ​បត្តិការអាស៊ានឥណ្ឌា ក៏កាន​តែរីក​ចម្រើនបន្ថែម​ និងមានមូលដ្ឋានកា​ន់តែទូលំទូលាយជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដោយ​សារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុង​ការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអា​ស៊ានឥណ្ឌា មា​នទំនាក់ទំនងកាន់តែស្អិតរមួត និងមាន​លទ្ធភា​ពកាន់តែខ្ពស់ក្នុងការធានា និងនាំ​មកនូវសន្តិភាព និងវិបុលភាព ជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា ទំនាក់ទំនងសន្ទនាអាស៊ានឥណ្ឌា បានរីកចម្រើន​យ៉ាងឆាប់រហ័សពី​ភាពជាដៃគូ​សន្ទនាតាមវិស័យ ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនា​ក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕

Leave a Reply

Your email address will not be published.