
ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិចំនួន ២០៦គ្រួសារ នៅស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកអំណោយជាស្បៀងអាហារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងចំនួន ២ឃុំ ស្មើនឹង ២០៦គ្រួសារ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ២០៦គ្រួសារ រួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរផងដែរ៕