(ព្រៃវែង)៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្ររហូត ៥លាន ៣សែន ៧ម៉ឺន ៨ពាន់ ៧៧៣សំឡេង ស្មើនឹង៧៤,៣២ភាគរយនៃសន្លឹកឆ្នោតបានការ បានធ្វើឱ្យបេក្ខជនគណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈឃុំ សង្កាត់ ចំនួន៦៨៤អាសនៈ ស្មើនឹង៧៦,៦៨ភាគរយនៃអាសនៈសរុប នឹងទទួលបានមុខតំណែងជាមេឃុំ ចៅសង្កាត់គ្រប់ខេត្ត ក្នុងនោះមានឃុំ សង្កាត់ចំនួន២នៃខេត្តព្រៃវែង ដែលគណបក្សបានកាន់កាប់អាសនៈ១០០ភាគរយ។
ជាមួមគ្នានោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សគ្រប់ថ្នាក់ ចូលរួមផ្ដល់យោបល់ទៅលើបទពិសោធទៅលើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មីៗនេះដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដូចការប្ដេជ្ញាចិត្តឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ២ក្នុងពេលតែមួយ គឺឈ្នះការបោះឆ្នោត និងធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
សម្ដេចក្រឡាហោម បញ្ជាក់ថា ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រៃវែងទាំងអស់ដែលបានរួមម្លាំងសាមគ្គីគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ៕