រាជធានីភ្នំពេញ៖ បន្ទាប់ពីពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួចមកនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន បានយាង និងអញ្ជើញ ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០–៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកជាផ្លូវការ នៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១–៤១ ក្រៅពីបណ្ដាមេដឹកនាំអាស៊ានទាំងអស់ គឺមានការអញ្ជើញចូលរួម ពីអគ្គលេខាធិការអាស៊ាន មន្ត្រីប្រតិភូបណ្ដារប្រទេសនានា រួមនឹងអ្នកកាសែតជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ និងមានការសម្ដែងសិល្បៈ របស់សិល្បករ សិល្បការិនី ផងដែរ។បន្ទាប់ពី ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០–៤១រួចមក មេដឹកនាំអាស៊ាន និងប្រតិភូពីបណ្ដារប្រទេសនានា ក៏បាន អញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលស្នាដៃអាស៊ានដែលតាំងបង្ហាញនៅខាងមុខវេទិកាបើកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០–៤១។
យោងតាមផេកសម្តេចតេជោ បញ្ជាក់ថា ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន–ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន–ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន–សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន–ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន–សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន–អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន–កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន–អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧៕